Home
ពិធីប្រគល់វិញ្ញាបនបត្រ វគ្គគរុកោសល្យមូលដ្ឋានតាមរយៈការអប់រំផ្អែកលើសមត្ថភាព (CBE)

ពិធីប្រគល់វិញ្ញាបនបត្រ វគ្គគរុកោសល្យមូលដ្ឋានតាមរយៈការអប់រំផ្អែកលើសមត្ថភាព (CBE)

ព្រឹកថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល កងយោធពលខេមរភូមិន្ទ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ ជូនសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានបញ្ចប់ដោយជោគជ័យវគ្គបណ្តុះបណ្តាលគ្រូបង្គោលគរុកោសល្យមូលដ្ឋាន និងវគ្គគរុកោសល្យមូលដ្ឋាន តាមរយៈការអប់រំផ្អែកលើសមត្ថភាព (CBE) ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯកសាស្ត្រាចារ្យ នឹម មាលា នាយកវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម និងលោកវេជ្ជបណ្ឌិត ប៉េង វ៉ាន់នី តំណាងអង្គការ GIZ ព្រមទាំងថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យជាច្រើនរូប។

ឧត្តមសេនីយ៍ត្រីវេជ្ជបណ្ឌិតឯកទេស ឃឹម អូណែត ជាប្រធាននៃវគ្គបណ្តុះបណ្តាល បានបង្ហាញដោយសង្ខេបអំពីលទ្ធផលនៃវគ្គបណ្តុះបណ្តាលទាំងពីរ។ វគ្គគ្រូបង្គោលគរុកោសល្យ (១០–១៤ វិច្ឆិកា ២០២៥) មានអ្នកចូលរួម ១៨ រូប ហើយគ្រូបង្គោល ១២ រូប បានចូលរួមគាំទ្រ និងសម្របសម្រួលវគ្គគរុកោសល្យមូលដ្ឋាន (២៤–២៨ វិច្ឆិកា ២០២៥) ដែលមានសិក្ខាកាម ២៥ រូប។

ថ្នាក់ដឹកនាំវិទ្យាស្ថាន និងតំណាងអង្គការ GIZ បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដែលជួយលើកកម្ពស់សមត្ថភាពបុគ្គលិក និងគុណភាពអប់រំ។ វគ្គបណ្តុះបណ្តាលទាំងអស់នេះជាផ្នែកមួយនៃការបំលែងប្រព័ន្ធអប់រំតាមបែបបុរាណ ជាការអប់រំផ្អែកលើសមត្ថភាព ដែលផ្តោតលើលទ្ធផលសិក្សា និងសមត្ថភាពជាក់ស្តែងរបស់និស្សិត។

ការបញ្ចប់វគ្គមិនមែនគ្រាន់តែទទួលបានវិញ្ញាបនបត្រប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពនៃការប្តេជ្ញាចិត្តក្នុងការកែលម្អគុណភាពបង្រៀន និងបន្តអភិវឌ្ឍវិជ្ជាជីវៈសុខាភិបាល។ ពិធីនេះបានបញ្ចប់ដោយជោគជ័យ ជាមួយការប្រគល់វិញ្ញាបនបត្រ និងថតរូបជាអនុស្សាវរីយ៍។

អត្ថបទ: វរសេនីយ៍ទោ រស់ សំណាង (ការិយាល័យថែទាំ_អមវេជ្ជសាស្រ្ត)