សារឯកឧត្ដមនាយកវិទ្យាស្ថាន
សារស្វាគមន៍
វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល កងយោធពលខេមរភូមិន្ទ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលតាម អនុក្រឹត្យលេខ ៩៧អនក្រ បក ចុះថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០០៩ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ជាតិលេខ ៣ ចម្ងាយ ១៩៩០ម៉ែត្រ ពីរង្វង់មូលចោមចៅរាជធានីភ្នំពេញ។ វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល កងយោធពលខេមរភូមិន្ទ ជាគ្រឹះស្ថានរបស់រដ្ឋ បានបណ្តុះបណ្តាលចាប់ពីឆ្នាំ ១៩៧៩ រហូតដល់បច្ចុប្បន្ន ដែលមាន បទពិសោធន៍គ្រប់គ្រាន់ក្នុងការបណ្តុះបណ្តាល វេជ្ជបណ្ឌិត ឱសថការី ទន្តបណ្ឌិត បច្ចេកទេសថែទាំវេជ្ជសាស្រ្ត និងគ្រូពេទ្យជំនាញលើការព្យាបាល និងថែទាំ រហូតមកដោយបានសហការណ៍ល្អជាមួយសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មន្ទីពេទ្យយោធា និងស៊ីវិលទាំងក្នុង និងក្រៅប្រទេស ។ ជាពិសេសទៅទៀត វិទ្យាស្ថានបានសហការយ៉ាងជិតស្និតជាមួយមន្ទីរពេទ្យរដ្ឋ និងឯកជនទូទាំងរាជធានី-ខេត្ត ជាទីកន្លែងសម្រាប់ផ្តល់ជូននិស្សិតចុះធ្វើកម្មសិក្សាគ្រប់ផ្នែក និងមានសាស្រ្តាចារ្យជំនាញ វេជ្ជបណ្ឌិតឯកទេស ទន្តបណ្ឌិតឯកទេស ឱសថបណ្ឌិត មានបទពិសោធន៍វិជ្ជាជីវៈ ពោពេញដោយគរុកោសល្យច្បាស់លាស់មកពីក្រសួង សកលវិទ្យាល័យសុខាភិបាលនិងបណ្តាមន្ទីរពេទ្យរបស់រដ្ឋក្នុងរាជធានី មកចូលរួមបណ្តុះបណ្តាល និងផ្តល់នៅបទពិសោធន៍ដែលប្រទេសក្នុងតំបន់កំពុងប្រើប្រាស់សព្វថ្ងៃនេះ ។ វិទ្យាស្ថានមានចក្ខុវិស័យច្បាស់លាស់ និងមានបទពិសោធន៍រយៈពេល ៣៩ឆ្នាំ មកហើយដោយឈរលើកត្តាសាមគ្គីភាពផ្ទៃក្នុង ចូលរួមបណ្តុះបណ្តាលទាំងនិស្សិតយោធានិងនិស្សិតស៊ីវិល សំដៅលើកកំពស់ ជំរុញសមត្ថភាពវិជ្ជាជីវៈ គុណធម៌ សីលធម៌ ប្រកបដោយគុណភាពសម្រាប់ជាស្ពានចម្លងដ៏រឹងមាំមួយមិនអាចខ្វះបាន ឆ្លងទៅកាន់សាកលភាវូបនីយកម្ម ដែលពោពេញទៅដោយវិទ្យាសាស្រ្តសម័យទំនើប កំពុងតែមានការវិវឌ្ឍន៍ឥតឈប់ឈរ។